កិច្ចព្រមព្រៀងដាក់បញ្ជូនមាតិកាសម្រាប់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ
បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 2023-09-01
FamilySearch International ( កម្មវិធីស្រាវជ្រាវក្រុមគ្រួសារអន្ដរជាតិ ) ( « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » « យើង » « របស់យើង » ឬពាក្យស្រដៀងគ្នាមួយ ) គឺជាអង្គការមិនរកប្រាក់ចំណេញ ។ ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដែលទាក់ទងទៅនឹងការបោះពុម្ពផ្សាយ និងការប្រើប្រាស់ផ្សេងទៀតលើព័ត៌មាន ឬសម្ភារណាមួយដែលអ្នកបានរួមចំណែកមកកាន់គេហទំព័រ FamilySearch.org ( « គេហទំព័រ » នេះ ) ត្រូវបានដាក់កំហិតយ៉ាងតឹងរឹងដោយ លក្ខខណ្ឌប្រើប្រាស់ របស់គេហទំព័រនេះ ( « លក្ខខណ្ឌប្រើប្រាស់ » ) និងដោយកិច្ចព្រមព្រៀងដាក់បញ្ជូនមាតិកាសម្រាប់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារនេះ ( « កិច្ចព្រមព្រៀង » នេះ ) ។ កិច្ចព្រមព្រៀងនេះបញ្ជាក់ជាថ្មី និង/ឬ បំពេញបន្ថែមលើលក្ខខណ្ឌប្រើប្រាស់ វាមិនជំនួសឲ្យលក្ខខណ្ឌប្រើប្រាស់នោះទេ ។ ទាំងលក្ខខណ្ឌប្រើប្រាស់ និងកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលគ្នា គឺដូចបានបញ្ជាក់យ៉ាងច្បាស់ ដែលមានបញ្ជាក់នៅក្នុងច្បាប់នីមួយៗ ។ តាមរយៈការដាក់បញ្ជូន ការ���ួមចំណែក ឬការចុះផ្សាយព័ត៌មាន ឬសម្ភារណាមួយទៅកាន់ផ្នែកណាមួយនៃគេហទំព័រនេះ នោះអ្នកយល់ស្របតាមលក្ខខណ្ឌប្រើប្រាស់ និងលក្ខន្ដិកៈទាំងអស់នៃកិច្ចព្រមព្រៀងនេះ ។
១. អ្នកទទួលខុសត្រូវលើទិន្នន័យរួមចំណែករបស់អ្នក ។ ការសម្រេចចិត្តដើម្បីដាក់បញ្ចូលព័ត៌មាន មាតិកា ទិន្នន័យពង្សាវលី រូបភាព ការសរសេរ ឯកសារ ការថតជាសំឡេង ការពិភាក្សា មតិយោបល់ ឬសម្ភារផ្សេងទៀត ( ជាសមូហភាព និងជាបុគ្គល « មាតិការួមចំណែក » ) មកកាន់គេហទំព័រនេះគឺជាការទទួលខុសត្រូវរបស់អ្នក ។ មាតិការួមចំណែកទាំងអស់ ដែលអ្នកដាក់បញ្ចូលមកកាន់គេហទំព័រនេះ អាចបង្ហាញឡើង និងមានសម្រាប់ឲ្យមនុស្សដទៃស្រាវជ្រាវ មើល ស្ដាប់ និងប្រើស្របតាមលក្ខខណ្ឌប្រើប្រាស់ និងកិច្ចព្រមព្រៀងនេះ ។ សូមកុំផ្ដល់ការរួមចំណែកអ្វីមួយ ដែលអ្នកមិនចង់ឲ្យមនុស្សដទៃចូលមើលឡើយ ។
២. សិទ្ធិដើម្បីដាក់បញ្ជូន ។ តាមរយៈការដាក់បញ្ជូនមាតិការួមចំណែកមកកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថា អ្នកមានសិទ្ធិស្របច្បាប់ដើម្បីរួមចំណែកមាតិការួមចំណែកបែបនេះ ហើយថាការដាក់បញ្ជូន និងការប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌប្រើប្រាស់ និងកិច្ចព្រមព្រៀងនេះ នឹងមិនបំពានសិទ្ធិណាមួយស្ដីពីទិន្នន័យ និងឯកជនភាពរបស់ភាគីទីបី សិទ្ធិសាធារណៈ/ឯកជន សិទ្ធិលើកិច្ចសន្យា ការរក្សាសិទ្ធិ ឬសិទ្ធិកម្មសិទ្ធិផ្សេងទៀតឡើយ ។ តាមរយៈការបញ្ជាក់សិទ្ធិស្របច្បាប់របស់អ្នកដើម្បីដាក់បញ្ជូនមាតិការួមចំណែក នោះអ្នកទទួលយកការទទួលខុសត្រូវតាមផ្លូវច្បាប់សម្រាប់ការប្រើប្រាស់របស់យើង ( និងរបស់អ្នកទទួលអាជ្ញាបណ្ណរងរបស់យើង ) លើមាតិការួមចំណែករបស់អ្នក ។
៣. ការរក្សាសិទ្ធិ ។ យើងយកចិត្តទុកដាក់ខ្ពស់លើការរក្សាសិទ្ធិ និងសិទ្ធិកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់អ្នកដទៃ ។ សូមជ្រាបថា មាតិកាដែលរួមមានរូបថត ដំណើររឿង និងបទពិសោធន៍ផ្ទាល់ខ្លួន ទោះបីជាបានដាក់បញ្ជូនទៅកាន់ផ្នែកមួយនៃគេហទំព័រនេះដែលទាក់ទងទៅនឹងអ្នកក៏ដោយ ក៏វាបន្ដជាកម្មសិទ្ធិរបស់អ្នកបង្កើត ឬអ្នកដាក់បញ្ជូនដដែល ។ អ្នកមិនគួរផលិតវាឡើងវិញដោយមិនមានការអនុញ្ញាតជាមុនពីម្ចាស់ដើមឡើយ ។ រូបថតរបស់បុគ្គលនៅរស់ លើកលែងតែកូនអនីតិជនរបស់អ្នកផ្ទាល់ មិនត្រូវយកមកចុះផ្សាយដោយគ្មានការយល់ព្រមពីពួកគេនោះទេ ។ នៅពេលបង្កើតការថតជាសំឡេង មាតិកាផ្ទាល់ខ្លួនដែលបានថតនោះ គួរតែជារបស់អ្នកផ្ទាល់ ឬប្រសិនបើជាការបង្កើតរបស់អ្នកផ្សេង ( ឧទាហរណ៍ កំណាព្យ ឬអត្ថបទ ) នោះវាត្រូវតែបានប្រើប្រាស់ដោយមានការអនុញ្ញាតពីម្ចាស់ដើម ។
៤. អាជ្ញាបណ្ណ និងសិទ្ធិដែលបានផ្ដល់ដល់យើង ។ តាមរយៈការដាក់បញ្ជូនមាតិការួមចំណែកមកកាន់គេហទំព័រនេះ អ្នកផ្ដល់ដល់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារនូវអាជ្ញាបណ្ណដែលគ្មានការដាក់កំហិត បានបង់ប្រាក់ពេញលេញ ឥតគិតថ្លៃអាករ ទូទាំងពិភពលោក ពុំអាចដកហូតវិញបាន ជាអាជ្ញាបណ្ណរង និងជាអចិន្ត្រៃយ៍ ដើម្បីប្រើប្រាស់មាតិការួមចំណែកណាមួយ និងទាំងអស់ ដែលអ្នកបានដាក់បញ្ជូនមក ឬផ្ដល់ទៅកាន់គេហទំព័រនេះ សម្រាប់គោលបំណងណាមួយ និងទាំងអស់ តាមរបៀបណាមួយ និងទាំងអស់ ព្រមទាំងតាមទម្រង់ប្រព័ន្ធផ្សព្វផ្សាយណាមួយ និងទាំងអស់ ដែលយើងចាត់ទុកថាសមរម្យតាមរយៈការសម្រេចចិត្តរបស់យើងតែមួយគត់ សម្រាប់ការបន្ដបេសកកម្មរបស់យើងដើម្បីផ្សព្វផ្សាយពីពង្សប្រវត្តិ និងការស្រាវជ្រាវពង្សាវលី ។ ជាផ្នែកនៃអាជ្ញាបណ្ណនេះ អ្នកផ្ដល់ការអនុញ្ញាតដែលគ្មានដែនកំណត់ និងមិនអាចដលហូតបានឲ្យយើងថតចម្លង បង្ហាញជាសាធារណៈ បញ្ជូន ចាក់ផ្សាយ សម្ដែងជាសាធារណៈ ចែកចាយ ផ្ដល់អាជ្ញាបណ្ណរង បង្កើតកិច្ចការជាច្រើនមកពី ( រួមមាន ដោយគ្មានការកំណត់ ការរួមបញ្ចូលគ្នានូវមាតិការួមចំណែករបស់អ្នកទាំងអស់ ឬមួយផ្នែកជាមួយនឹងមាតិការបស់អ្នករួមចំណែកផ្សេងទៀត ឬតាមរយៈការបន្ថែមលើមាតិការួមចំណែករបស់អ្នក ) និងដើម្បីប្រើ ( រួមទាំងអនុញ្ញាតឲ្យអ្នកដទៃប្រើ ) មាតិការួមចំណែករបស់អ្នកនៅទូទាំងពិភពលោក តាមរបៀបណាមួយដែលយើងចាត់ទុកថាសមរម្យ ( អេឡិចត្រូនិច ឬផ្សេងពីនេះ ដែលរួមមាននៅលើអ៊ីនធឺណិតផងដែរ ) ។
៥. ភាពត្រឹមត្រូវនៃទិន្នន័យរួមចំណែក ។ អ្នកយល់ព្រមផ្ដល់ព័ត៌មានពិត ត្រឹមត្រូវ និងពេញលេញមកកាន់យើង ។ ប្រសិនបើព័ត៌មានណាមួយដែលអ្នកផ្ដល់មកគឺក្លែងក្លាយ ឬនាំឲ្យយល់ខុស ស្របតាមការសម្រេចចិត្តរបស់យើងតែមួយគត់ និងទាំងស្រុង នោះយើងមានសិទ្ធិ ប៉ុន្ដែមិនមែនជាកាតព្វកិច្ចទេ ដើម្បីចាត់វិធានការបង្ការ ឬការពារណាមួយដែលយើងចាត់ទុកថាសមរម្យស្របតាមការសម្រេចចិត្តរបស់យើងតែមួយគត់ រួមមានការដាក់កំហិតលើសិទ្ធិចូល ការលុបចោល និង/ឬ ការកែសម្រួលលើមាតិការួមចំណែកណាមួយរបស់អ្នក ។
៦. ការយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ផ្សេងទៀត ។ យើងសុំឲ្យអ្នកធ្វើការជ្រើសរើសក្នុងការដាក់បញ្ជូនមាតិការួមចំណែករបស់អ្នក ។ យើងសូមរក្សាសិទ្ធិដើម្បីដកចេញមាតិការួមចំណែកណាមួយដែលយើងជឿថា ស្របតាមការសម្រេចចិត្តរបស់យើងតែមួយគត់ និងទាំងស្រុង ( ក ) មិនទាក់ទង ( ខ ) មានសក្ដានុពលដើម្បីបង្កគ្រោះថ្នាក់ ឬធ្វើឲ្យបុគ្គលនៅរស់ណាម្នាក់ខ្មាសអៀន ( គ ) ប្រមាថ មិនពិរោះពិសា មិនសមរម្យ គម្រាមកំហែង ឬបំពាន ឬ ( ឃ ) រំលងលើកិច្ចព្រមព្រៀងនេះ លក្ខខណ្ឌប្រើប្រាស់ ឬ សេចក្ដីណែនាំ និងគោលនយោបាយស្ដីពីការដាក់បញ្ចូល។(c) យើងក៏អាចចាត់សកម្មភាពណាមួយ រួមមានការដាក់កំហិតលើសិទ្ធិចូលចំពោះការបំពានលើកិច្ចព្រមព្រៀងនេះ និងជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចអំពីសកម្មភាពណាមួយដែលបង្ហាញថារំលោភច្បាប់ជាធរមាន ស្របតាមការសម្រេចចិត្តរបស់យើងតែមួយគត់ ។
៧. ការមើលដោយស្វ័យប្រវត្តិ ។ យើងសូមរក្សាសិទ្ធិ តែដោយគ្មានកាតព្វកិច្ច ដើម្បីគ្រប់គ្រង និងកែសម្រួលមាតិការួមចំណែករបស់អ្នក ។ យើងប្រើឧបករណ៍ត្រងដោយស្វ័យប្រវត្តិដើម្បីទប់ស្កាត់មាតិការួមចំណែក ដែលបង្ហាញស្របតាមការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់យើងថា មានទាក់ទងទៅនឹងបុគ្គលនៅរស់ ឬដែលរំលោភលើលក្ខខណ្ឌប្រើប្រាស់ ឬកិច្ចព្រមព្រៀងនេះ ។ ទោះបីជាយើងមិនមានកាតព្វកិច្ចដើម្បីធ្វើដូច្នោះក្ដី ក៏យើងរក្សាសិទ្ធិដើម្បីកែសម្រួលមាតិការួមចំណែករបស់អ្នកសម្រាប់មូលហេតុណាមួយ ឬពុំមានមូលហេតុណាមួយដែរ ។
៨. ការយកចិត្តទុកដាក់ក្នុងការដាក់បញ្ជូន ។ យើងមានបំណងប្រើប្រាស់កិច្ចខិតខំដែលសមហេតុផលដើម្បីរក្សាសេចក្ដីទៀងត្រង់នៃមាតិការួមចំណែករបស់អ្នក និងដើម្បីចៀសវាងកំហុស ឬការលុបចោលមាតិកានៃគេហទំព័រនេះ ។ យើងផ្ដល់ឱកាសដើម្បីឲ្យដាក់បញ្ជូនមាតិការួមចំណែក ដែលស្របតាមលក្ខខណ្ឌប្រើប្រាស់ និងកិច្ចព្រមព្រៀងនេះ ។ សេវាកម្មបែបនេះ និងគេហទំព័រនេះត្រូវបានផ្ដល់មក « ដូចដែលមាន » ហើយយើងមិនទទួលខុសត្រូវលើកំហុស ឬការលុបចោលក្នុងមាតិកាណាមួយ ដែលអ្នកអាចរកឃើញនៅលើគេហទំព័រនេះឡើយ ហើយយើងមិនទទួលខុសត្រូវលើការបាត់បង់ ការខូចខាត ឬការពុកខូចណាមួយនៃមាតិការួមចំណែកដែលអ្នកបញ្ជូនមកនោះទេ ។ យើងអាចដកមាតិការួមចំណែករបស់អ្នកចេញពីគេហទំព័រនេះបាន ប៉ុន្ដែយើងមិនតម្រូវឲ្យដកចេញតំណភ្ជាប់ ឬសេចក្ដីយោងដើម្បីដកចេញមាតិការួមចំណែកឡើយ ។ លើសពីនេះ អ្នកទទួលស្គាល់ និងយល់ព្រមថា កាលណាយើងបានផ្ដល់អាជ្ញាបណ្ណរងលើមាតិការួមចំណែករបស់អ្នកទៅកាន់អ្នកដទៃ នោះយើងមិនអាច ហើយយើងនឹងមិនមានកាតព្វកិច្ច ដើម្បីបញ្ឈប់អ្នកទទួលអាជ្ញាបណ្ណរងនោះឲ្យឈប់ប្រើមាតិការួមចំណែកនោះបានទេ ។ យើងមិនទទួលខុសត្រូវលើការខូចខាតពិសេស ឬសំខាន់ណាមួយដែលបណ្តាលមកពីការដាក់បញ្ជូនមាតិការួមចំណែករបស់អ្នក ឬការបដិសេធរបស់យើងដើម្បីទទួលយកមាតិការួមចំណែករបស់អ្នកឡើយ ។ សូមមើលលក្ខខណ្ឌប្រើប្រាស់សម្រាប់ព័ត៌មានបន្ថែម ។
៩. ច្បាប់ការពារទិន្នន័យ ។ ប្រសិនបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក នោះអ្នកយល់ព្រមឲ្យដំណើរការទិន្នន័យផ្ទាល់ខ្លួនណាមួយដែលអ្នកបញ្ជូនមកនៅក្នុងសហរដ្ឋអាមេរិក ។ អ្នកក៏យល់ព្រមផងដែរដើម្បីអនុវត្តតាមច្បាប់ជាធរមានទាំងអស់ ដែលទាក់ទងទៅនឹងការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់ ឬមកពីសហរដ្ឋអាមេរិក និងប្រទេសដែលអ្នកស្នាក់នៅ ។
១០. ក្រមសីលធម៌ ។ សូមអានផ្នែកក្រមសីលធម៌នៃលក្ខខណ្ឌប្រើប្រាស់នេះដោយប្រុងប្រយ័ត្ន ព្រមទាំងផ្នែកផ្សេងទៀតទាំងអស់នៃលក្ខខណ្ឌប្រើប្រាស់ ដែលអនុវត្តចំពោះកិច្ចព្រមព្រៀងនេះ ។
បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 2023-09-01